• September 15, 2024
 ចក្រភពអង់គ្លេស​ប្រកាសផ្អាកអាជ្ញាប័ណ្ណនាំចេញអាវុធចំនួន ៣០ ជាមួយ​អ៊ីស្រា​អែល ដោយបារម្ភ​ ត្រូវបានប្រើប្រាស់​ដើម្បីប្រព្រឹត្ត​ល្មើសយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងច្បាប់​មនុស្ស​ធម៌​អន្តរ​ជាតិនៅហ្គាហ្សា

ចក្រភពអង់គ្លេស​ប្រកាសផ្អាកអាជ្ញាប័ណ្ណនាំចេញអាវុធចំនួន ៣០ ជាមួយ​អ៊ីស្រា​អែល ដោយបារម្ភ​ ត្រូវបានប្រើប្រាស់​ដើម្បីប្រព្រឹត្ត​ល្មើសយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងច្បាប់​មនុស្ស​ធម៌​អន្តរ​ជាតិនៅហ្គាហ្សា

Spread the love
Digiqole Ad

រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ​បាន​ប្រកាស​ផ្អាក​អាជ្ញាប័ណ្ណ​នាំចេញ​ប្រហែល ៣០ សម្រាប់​ឧបករណ៍​យោធា​ទៅកាន់​អ៊ីស្រាអែល។ ការសម្រេចចិត្តផ្អាកនេះ កើតឡើងបន្ទាប់ពីការពិនិត្យឡើងវិញអំពីការ​អនុ​លោម​តាមច្បាប់របស់អ៊ីស្រាអែលជាមួយនឹងច្បាប់មនុស្សធម៌អន្តរជាតិ ខណៈសង្គ្រាម​នៅ​ហ្គា​ហ្សាកំពុងបន្ត ដែលបណ្តាលអោយជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់បាត់បង់ជីវិត។

អាជ្ញាបណ្ណដែលត្រូវផ្អាកមានចំនួន ៣០ ក្នុងចំណោម ៣៥០ រួមមាន៖ សមាសធាតុសម្រាប់​យន្ត​ហោះយោធា ឧទ្ធម្ភាគចក្រ យន្តហោះ​គ្មានមនុស្សបើក និងរបស់របរដែលជួយសម្រួលដល់ការ​កំណត់​គោលដៅនៅលើដីជាដើម​។ នេះបើតាម​ការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេស លោក David Lammy បានបញ្ជាក់ថា “ពិតណាស់ យើងទទួលស្គាល់​តម្រូវការ​របស់អ៊ីស្រាអែល ដើម្បី​ការ​ពារខ្លួនប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខ ប៉ុន្តែយើងមាន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំងចំពោះ​វិធីសាស្រ្តដែលអ៊ីស្រាអែលបានប្រើប្រាស់ និងតាមរយៈរបាយ​ការណ៍​អំពីជនស៊ីវិល និងការ​បំផ្លិច​បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេស”។

ទោះបីយ៉ាងណា ពួកគេបានសង្កត់ធ្ងន់ថា ការផ្អាកនេះមិនមែនមានន័យថា ជាការដាក់ទណ្ឌ​កម្ម​អាវុធពេញលេញ​ប្រឆាំងនឹង​អ៊ី​ស្រាអែលទេ ហើយការវាយតម្លៃរបស់​រដ្ឋាភិ​បាល​ចក្រភពអង់​គ្លេស​មិនមានគោល​បំណង​ដើម្បីវិនិច្ឆ័យការរកឃើញរបស់តុលាការអន្តរជាតិ ដូច​ជា ​តុលាការយុត្តិ​ធម៌​អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នោះដែរ។

ជុំវិញការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃចក្រភពអង់គ្លេស រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា ការសម្រេចចិត្តនេះធ្វើអោយអ៊ីស្រាអែលមាន​ការខក​ចិត្ត និងជាការ​ផ្ញើ​សារដែលមានបញ្ហាយ៉ាងខ្លាំងទៅកាន់ក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ្នក​ឧបត្ថម្ភពួកគេ នៅក្នុង​ប្រទេស​អ៊ីរ៉ង់។

គួរជម្រាបថា សង្គ្រាមនៅតំបន់ហ្គាហ្សាដែលកំពុងបន្តពីសំណាក់អ៊ីស្រាអែល បន្ទាប់ពីហេតុការណ៍​ថ្ងៃទី៧ ខែតុលាមក បានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនរហូតដល់ជាង ៤០,៧០០នាក់ ដែលក្នុងនោះ​ភាគច្រើនជាស្ត្រី និងកុមារ។ នេះបើយោង​តាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន៕

Digiqole Ad

Related post