គណៈដឹកនាំនៃសមាគមចំណងមិត្តភាព បានរៀបចំប្រលងប្រជែងសូត្រគម្ពីរអាល់គួរអានមួយចប់(ចំនួន៣០ជូហ្ស៊ុ) សម្រាប់មនុស្សចាស់
គណៈដឹកនាំនៃសមាគមចំណងមិត្តភាព បានរៀបចំប្រលងប្រជែងសូត្រគម្ពីរអាល់គួរអានមួយចប់ដែលមាន៣០ជុហ្សុ សម្រាប់មនុស្សចាស់ រយៈពេល២ថ្ងៃ ដោយបានប្រព្រឹត្តចាប់ពីថ្ងៃទី២៩ និង៣០ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោក ម៉ាត់ សុទី ប្រធានសមាគមចំណងមិត្តភាព បានប្រាប់ទូរទស្សន៍មូស្លីមកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះឱ្យដឹងថា នៅក្នុងមណ្ឌផ្ទាល់ គឺមានសិក្ខាកាមជាមនុស្សចាស់ ដែលមានអាយុចាប់ពី៣៥ ដល់៧៥ឆ្នាំ ហើយមានកម្មវិធីសិក្សាប្រចាំថ្ងៃដូចជា៖
1 ម៉ោង ១៣:០០នាទី ដល់ម៉ោង ១៤:៣០នាទី មានបង្រៀនសូត្រ មូកត់ទាំ(Juzuk 30)
2-ម៉ោង ១៨:30 ដល់ម៉ោង ២០:១៥នាទី មានបីក្រុម ដោយបង្រៀនមាន
A.ក្រុម Iqra’
B.ក្រុមគូរអានធម្មតា
C.ក្រុម Tajiwid
ហើយសម្រាប់ព្រឹកថ្ងៃ ព្រហ និងសុក្រវិញ មណ្ឌលមានបង្រៀនជាហូកុមឬច្បាប់សាសនាផ្សេងជូនដល់សិក្ខាកាមផងដែរ។
ជាធម្មតាក្នុងមួយឆ្នាំ មណ្ឌលតែងតែរៀបចំការប្រលងសូត្រគួរអានមួយដង ហើយជាក់ស្តែងសម្រាប់ការប្រឡងប្រជែងសូត្រគម្ពីរ អាល់គួរអានមួយចប់ ដែលមានចំនួន៣០ ជូហ្សុ សម្រាប់មនុស្សចាស់ នៅឆ្នាំ២០២៥នេះ គណៈដឹកនាំមានគោលបំណងចម្បងដើម្បីលើកទឹកចិត្តដល់បងប្អូនមូស្លឹមនៅទូទាំងប្រទេសកម្ពុជា ឱ្យយល់ដឹងពីសារៈសំខាន់នៃការសិក្សា និងការសូត្រគម្ពីរអាល់គួរអាន។
ក្នុងនោះលោកក៏បានបញ្ជាក់បន្ថែមថា ការប្រលងខាងលើនេះដូចគ្នា ក៏ដើម្បីលើកទឹកចិត្តឲ្យយល់ដឹងអំពីសារៈសំខាន់នៃចំណេះដឹង ខណៈកម្មវិធីនេះគឺជាផ្នែកមួយនៃការផ្សព្វផ្សាយអំពីតម្លៃនៃចំណេះដឹង ដែលជាគន្លឹះដើម្បីឱ្យមានការរីកចម្រើនទាំងផ្នែកសាសនា និងជីវិតប្រចាំថ្ងៃ។ជាក់ស្តែង សម័យសន្តិភាពបច្ចុប្បន្ននេះ គឺជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់មនុស្សគ្រប់វ័យក្នុងការសិក្សា និងសូត្រគម្ពីរអាល់គួរអាន ដោយមិនប្រកាន់អាយុ ឬស្ថានភាពសង្គមឡើយ។ ហើយវាក៏ជាកម្មវិធីមួយដែលផ្តល់ក្តីសង្ឃឹម និងឪកាសដល់មនុស្សចាស់ ដោយបង្ហាញថា ពួកគាត់នៅតែអាចចូលរួមសកម្មភាពសិក្សាផ្នែកសាសនា និងក្លាយជាគំរូល្អសម្រាប់យុវជនផងដែរ។
សូមជម្រាបផងដែរថា ការរៀបចំប្រលងប្រជែងសូត្រគម្ពីរគួរអានសម្រាប់មនុស្សចាស់របស់សមាគមចំណងមិត្តភាពខាងលើនេះ ពិតជារឿងមួយប្លែក នុងគួរឱ្យចាប់អារម្មណ៍ជាខ្លាំង ពីព្រោះនាពេលកន្លងមក យើងធ្លាប់តែឃើញមានការប្រកួតប្រជែងចំពោះតែយុវជន ឬយុវនារីតែប៉ុណ្ណោះ ប៉ុន្តែនេះពិតជាសរបញ្ជាក់ឱ្យឃើញថា ការសិក្សារៀនសូត្រមិនចាំបាច់មានវ័យក្មេងនោះទេ តែអាចសិក្សាបានគ្រប់វ័យ អោយតែមានការតាំងចិត្ត និងតស៊ូ នេះជាការរួមចំណែកដ៏ល្អសម្រាប់សហគមន៍ឥស្លាមទាំងមូល។





