គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឥស្លាម(SMU) ជូនដល់សិស្សជ័យលាភី ក្រោមអធិបតីភាពអ្នកឧកញ៉ា សុះ កំរី
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឥស្លាម ( SMU ) ជូនសិស្សានុសិស្សប្រមាណ ១០១នាក់ មកពីសាលាចំនួន ៥នៃរាជធានី ខេត្ត ក្នុងសម័យប្រឡងថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅវិហារធំឥស្លាមគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ពិធីនេះប្រារព្វធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងមានវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីផងដែរពីតំណាងមូលនិធិឥស្លាមរដ្ឋកាឡាន់តាន់ ប្រទេសម៉ាឡេស៉ី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក្រសួងធម្មការ និងសាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
នៅក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងអំណរគុណដល់ខណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក៏ដូចជាភាគីម៉ាឡេស៉ី ដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស ទូទាំងប្រទេសកម្ពុជាឲ្យមានការខិតខំប្រឹងប្រែងរៀនសូត្រដើម្បីជាធនធានមនុស្សសម្រាប់ប្រទេសជាតិនេះថ្ងៃអនាគត។ ឯកឧត្តមបញ្ជាក់ថា ការសិក្សារៀនសូត្រពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជនជំនាន់ក្រោយ វាជាមូលដ្ឋានគ្រឹះនៃចំណេះដឹងដែលអាចជួយឱ្យប្អូនជោគជ័យនាថ្ងៃអនាគត។ ជាពិសេសការអប់រំនេះវាប្រៀបដូចជាឆ្អឹងខ្នងរបស់មនុស្សដូចគ្នា ដែលឆ្អឹងខ្នងមានតួរនាទីជួយទ្រទ្រង់រាងកាយមនុស្សឱ្យមានភាពរឹងមាំ និងអាចធ្វើអ្វីៗបានជាច្រើនផ្សេងទៀត ដរាបណាឆ្អឹងខ្នងរបស់យើងរឹងមាំគឺមនុស្សមិនមានភាពភ័យខ្លាចនៅក្នុងការធ្វើចលនាផ្សេងៗដូចជាលើករបស់ធ្ងន់ៗនោះទេ វាដូចគ្នានេះផងដែរ ដរាបណាយើងមានចំណេះដឹងជ្រៅជ្រះនោះយើងនឹងមិនមានភាពភ័យខ្លាចជាមួយឧបសគ្គនានាដែលចូលមកនោះទេ យើងមានមូលដ្ឋានគ្រឹះច្បាស់លាស់ យើងហ៊ានប្រឈមវា ជាមួយដំណោះស្រាយដ៏ឆ្លាតវ័យ។ ដូចនេះប្អូនៗសិស្សានុសិស្សត្រូវប្រឹងប្រែងរៀនសូត្រឱ្យបានខ្ពស់កុំបោះបង់ដើម្បីក្លាយជាធនធានដ៏ល្អរបស់ប្រទេសជាតិ។
ដោយឡែក អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ីស្លាមកម្ពុជា បានលើកឡើងនូវការចូលរួមអបអរសាទរទៅដល់សិស្សានុសិស្សជ័យលាភីទាំងអស់ដែលខិតខំសិក្សារៀនសូត្ររហូតទទួលបាននូវសមិទ្ធផលដ៏ល្អនាថ្ងៃនេះ ។ អ្នកឧកញ៉ាបន្ថែមថា ការជោគជ័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឥស្លាមអស់រយៈកាលជាច្រើនឆ្នាំកន្លងមកនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សហការយ៉ាងជិតស្និទ្ធជាមួយមូលនិធិឥស្លាមរដ្ឋកាឡាន់តាន់ ប្រទេសម៉ាឡេស៉ី អ្នកឧកញ៉ាបន្តថា សិស្សានុសិស្សទាំងអស់ពិតជាមានភ័ព្វសំណាងដែលមានឱកាសសិក្សារៀនសូត្រស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ខណៈបើក្រឡេកទៅមើលសម័យមុនៗគឺមានតិចណាស់អ្នកដែលមានឱកាសរៀនសូត្រ មានសាលារៀនល្អៗជាច្រើនដូចពេលនេះ។ ជាមួយគ្នានោះអ្នកឧកញ៉ាក៏បានសង្កត់ធ្ងន់ថា នាពេលកន្លងមកថ្នាក់ដឹកនាំនៃសាលារៀនអាន់នៀកម៉ាស់អាល់ឥស្លាមីយ៉ះភ្នំពេញបានខិតខំពង្រឹងការអប់រំទៅលើផ្នែកចំណេះដឹងទូទៅឥស្លាមទាំងពីរកម្រិត ដែលយើងស្គាល់ថា SMU និង STAM ហើយយើងក៏ទទួលបានជោគជ័យជាហូរហែរកន្លងមកផងដែរ រហូតមកដល់បច្ចុប្បន្ននេះគឺយើងមានសាលារៀនជាច្រើនដែលបង្រៀនផ្នែកសាសនានៅតាមបណ្តារាជធានី ខេត្តមួយចំនួន។
អ្នកឧកញ៉ា សុះ កំរី បញ្ជាក់ថា ការជោគជ័យខាងលើនេះគឺជាសមិទ្ធផលដ៏ល្អមួយបង្ហាញពីការខិតខំរបស់យើងកន្លងមក ហើយយើងក៏មិនបញ្ឈប់ត្រឹមនេះដែរ គឺយើងនិងព្យាយាមរកអ្វីថ្មីៗមកផ្តល់ជូនដល់សិស្សានុសិស្សទាំងអស់ធ្វើយ៉ាងណាឱ្យក្លាយជាបុគ្គលជោគជ័យ ជាធនធានដ៏ល្អ និងជាទំពាំងស្នងដ៏រឹងមាំសម្រាប់សហគមន៍ឥស្លាម និងប្រទេសជាតិ។ គួរជម្រាបផងដែរថា ជារៀងរាល់ឆ្នាំគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សហការជាមួយមូលនិធិឥស្លាមរដ្ឋកាឡាន់តាន់ ប្រទេសម៉ាឡេស៉ី តែងតែរៀបចំពិធីប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឥស្លាម ( SMU ) នៅកម្ពុជា ដែលមានសិស្សានុសិស្សមកពីតាមសាលាក្នុងរាជធានី ខេត្តនានាមកចូលរួមប្រឡង។ ហើយតាំងពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ននេះមានសិស្សានិសិស្សខ្មែរឥស្លាមជាច្រើនពាន់បានចូលរួមប្រឡងសញ្ញាបត្រមួយនេះ៕