• December 20, 2024
 ក្រុមហ៊ុនយក្សចំនួនពីររបស់សហរដ្ឋអាមេរិក McDonald’s និង Starbucks បានរាយការណ៍ថាការលក់របស់ខ្លួនធ្លាក់ចុះនៅមជ្ឈិមបូព៌ា ដោយសារសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស និងការធ្វើពហិការពីប្រជាជនមូស្លីមភាគច្រើន

ក្រុមហ៊ុនយក្សចំនួនពីររបស់សហរដ្ឋអាមេរិក McDonald’s និង Starbucks បានរាយការណ៍ថាការលក់របស់ខ្លួនធ្លាក់ចុះនៅមជ្ឈិមបូព៌ា ដោយសារសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស និងការធ្វើពហិការពីប្រជាជនមូស្លីមភាគច្រើន

Spread the love
Digiqole Ad

McDonald’s និង Starbucks ដែលជាក្រុមហ៊ុនបែបភោជនីយដ្ឋានធំៗបំផុតរបស់សហរដ្ឋអាមេរិក បាននិយាយថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើឱ្យប៉ះពាល់ដល់ការលក់របស់ពួកគេនៅចុងឆ្នាំមុន។

ភាគហ៊ុនរបស់ក្រុមហ៊ុន McDonald’s បានធ្លាក់ចុះជិត 4% កាលពីថ្ងៃចន្ទ ដែលត្រូវបានរាយការណ៍ថា ការធ្លាក់ចុះនៃការលក់នៅមជ្ឈិមបូព៌ាបានរួមចំណែកដល់ការខកខានប្រាក់ចំណូលក្នុងត្រីមាសទី៤ របស់ខ្លួន។ ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Starbucks បានធ្លាក់ចុះប្រហែល 2% ចាប់តាំងពីថ្ងៃអង្គារ ដែលបានរាយការណ៍ថា សង្រ្គាមបានធ្វើឱ្យការលក់របស់ខ្លួនធ្លាក់ចុះ ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំនេះ។ វាមិនច្បាស់ទេថា តើក្រុមហ៊ុនផ្សេងទៀតមានការលក់ធ្លាក់ចុះស្រដៀងគ្នានេះដែរឬទេ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

នាយកប្រតិបត្តិរបស់ Starbucks លោក Laxman Narasimhan បាននិយាយថា ការលក់របស់ក្រុមហ៊ុននៅមជ្ឈិមបូព៌ាកំពុងប្រឈមនឹងការតស៊ូ ហើយការធ្វើពហិការបានប៉ះពាល់ដល់ការលក់នៅតាមហាងកាហ្វេ ជាពិសេសក្នុងសហរដ្ឋអាមេរិក។

Starbucks បានក្លាយជាគោលដៅនៃការធ្វើពហិការ នៅពេលដែលសហជីពអ្នកបម្រើការងារនៅ Starbucks (Starbucks Workers United) ដែលតំណាងឱ្យហាងកាហ្វេរាប់រយដែលរួបរួមរបស់សង្វាក់នោះ បានបង្ហោះក្នុងការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ដែលនាំឱ្យមានការរិះគន់ពីពួកអភិរក្សនិយម។

ចំណែកឯ McDonald’s វិញបានឃើញការលក់របស់ខ្លួនធ្លាក់ចុះនាត្រីមាសទី4 នៅមជ្ឈិមបូព៌ា បន្ទាប់ពីអ្នកផ្តល់អាជ្ញាប័ណ្ណអ៊ីស្រាអែល បានផ្តល់ការបញ្ចុះតម្លៃដល់ទាហាន ដែលជំរុញឱ្យមានការធ្វើពហិការមួយចំនួនពីអតិថិជនដែលប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។

លោក Chris Kempczinski នាយកប្រតិបត្តិរបស់ McDonald’s បាននិយាយថា ក្រុមហ៊ុនបានឃើញការលក់ខ្សោយនៅក្នុងមជ្ឈិមបូព៌ា និងបណ្តាប្រទេសមូស្លីមភាគច្រើនដូចជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាដើម។ ជាមួយគ្នានេះ ប្រទេសបារាំងដែលមានប្រជាជនម៉ូស្លីមច្រើនជាងគេនៅអឺរ៉ុបក៏បានឃើញការលក់ធ្លាក់ចុះផងដែរ បើទោះបីពួកគេខំធ្វើការលក់បញ្ចុះថ្លៃយ៉ាងណាក៏ដោយ។

គួរឲ្យដឹងថា ក្រុមហ៊ុនយក្សទាំងពីរ បានក្លាយជាក្រុមហ៊ុនធំរបស់សហរដ្ឋអាមេរិកដែលបានអះអាងថា ជម្លោះមជ្ឈិមបូព៌ាប៉ះពាល់ដល់ការលក់របស់ពួកគេ ហើយទំនងជានឹងប៉ះពាល់ដល់តម្រូវការនៅក្នុងត្រីមាសនាពេលអនាគតផងដែរ៕

Digiqole Ad

Related post