• March 6, 2025
 ការបរិច្ចាកទានសម្រាប់ស្រាយបួសខែ រ៉ម៉ាឌន គឺជាការបំផុសស្មារតីរួបរួម និងស្រឡាញ់គ្នា ក្នុងនាមជនរួមជំនឿ

default

ការបរិច្ចាកទានសម្រាប់ស្រាយបួសខែ រ៉ម៉ាឌន គឺជាការបំផុសស្មារតីរួបរួម និងស្រឡាញ់គ្នា ក្នុងនាមជនរួមជំនឿ

Spread the love
Digiqole Ad

ឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី ៖ ការបរិច្ចាកទានសម្រាប់ស្រាយបួសខែ រ៉ម៉ាឌន គឺជាការបំផុសស្មារតីរួបរួម និងស្រឡាញ់គ្នា ក្នុងនាមជនរួមជំនឿ

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាននិងជាស្ថាបនិកអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានលើកឡើងថា ការបរិច្ចាកទានសម្រាប់ស្រាយបួសខែ រ៉ម៉ាឌន គឺជាការបំផុសស្មារតីរួបរួម និងស្រឡាញ់គ្នា ក្នុងនាមជនរួមជំនឿ។  ការលើកឡើងនេះ គឺបានធ្វើឡើងក្នុងឱកាសដែល   ឯកឧត្តមបណ្ឌិត តំណាងម្ចាស់ជំនួយបានអញ្ជើញចូលរួមចុះចែកអំណោយ ជាកញ្ចប់អាហារស្រាយបួសខែ រ៉ម៉ាឌន ជូនដល់ប្រជាពលរដ្ឋខ្មែរអ៊ីស្លាមចំនួន 300 គ្រួសារ  ស្ថិតនៅក្នុង ភូមិចំនួនពីរ គឺភូមិសំពើ និងភូមិ អណ្តូងចំបក់ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក មេឃុំ អាជ្ញាធរ តួនៗ ហាកឹម និងប្រជាពលរដ្ឋយ៉ាងច្រើនកោះករ កាលពីថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ2025 ។

ឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី បានឲ្យដឹងដែរថា កញ្ចប់អាហារសម្រាប់ស្រាយបួសខែ រ៉ម៉ាឌន ខាងលើ គឺជាអំណោយរបស់ អង្គការមូនិធិ ហ្សាកាត់ អាមេរិក ដែលជាថវិកាផ្ទាល់របស់ប្រជាជនមូស្លីមនៅសហរដ្ឋអាមេរិក ដើម្បីចែកជូនប្រជាពលរដ្ឋមូស្លីមនៅប្រទេសកម្ពុជា តាមរយៈ អង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា។ ហើយ ឯកឧត្តមបណ្ឌិត ជឿជាក់ថា អំណោយទាំងនេះ នឹងជួយកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋបានខ្លះៗ នៅក្នុងខែ រ៉ម៉ាឌន ដ៏ពិសិដ្ឋនេះ។  ហើយការចែក និងទទួលអំណោយនេះ ប្រព្រឹត្តិទៅបានយ៉ាងល្អ ក៏ដោយសារមានការ សហការ ពីអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់គ្នា ស្របពេលដែលប្រទេសកម្ពុជា មានសិទ្ធិសេរីភាព ក្នុងការគោរពប្រណិបត្តិគោល ជំនឿរៀងៗខ្លួន និងសិទ្ធទទួលអំណោយផងដែរ។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណ និងជូនពរដល់ម្ចាស់ជំនួយ រួមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ អោយជួបតែសេចក្តីសុខ និងសេចក្តីចំម្រើន ពិសេស រាល់ការធ្វើអំពើល្អ និងការស្នើសុំ អល់ឡោះនឹងទទួលយក ក្នុងខែ រ៉ម៉ាឌន ដ៏បវរនេះ។

ដោយឡែកលោកមុំ ស៊ីថា មេឃុំសេដា តំណាងប្រជាពលរដ្ឋ នៅក្នុងឱកាសនេះ ក៏បានបង្ហាញនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំរួមទាំងក្រុមការងារមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ដែលបានពាំនាំ អំណោយជាកញ្ចប់អាហារស្រាយបួសខែ រ៉ម៉ាឌន ចែកជូនដល់ប្រជាពលរដ្ឋរបស់លោក។ សង្ឃឹមថា អង្គការនឹងបន្តជួយសហគមន៍បន្តទៀតតាមលទ្ធភាព និងសូមជូនពរដល់ម្ចាស់ជំនួយនិងក្រុមការងារទាំងអស់ឲ្យទទួលបានផលបុណ្យកុសលក្នុងខែ រ៉ម៉ាឌន នេះ។

គួររំលឹកថា អង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា តែងតែទទួលបានថវិកា ឧបត្ថម្ភសម្រាប់ទិញជាកញ្ចប់អាហារស្រាយបួសខែ រ៉ម៉ាឌន នេះ ជារៀងរាល់ឆ្នាំពី អង្គការ មូលនិធិ ហ្សាកាត់ អាមេរិក សម្រាប់ចែកជូនប្រជាពលរដ្ឋមូស្លីមនៅក្នុងប្រទេសកម្ពុជា ដោយឡែកឆ្នាំ២០២៥នេះ មូលនិធិ ហ្សាកាត់ អាមេរិក ក្រៅពីកញ្ចប់អាហារធំៗ ក៏បានបន្ថែមនូវគម្រោងរៀបចំអាហារស្រាយបួសសម្រាប់មនុស្ស ៤០០០នាក់ ផងដែរ ដែលគិតជាថវិកា សរុបប្រមាណជាង ៣ម៉ឺនដុល្លារ។

 

Digiqole Ad

Related post