ករណីទាហានអ៊ីស្រាអែលចងជនជាតិប៉ាឡេស្ទីននឹងរថយន្តយោធាអំឡុងការវាយប្រហារនៅទីក្រុង Jenin អង្គការសហប្រជាជាតិថា មិនអាចទទួលយកបាន និងទាមទារឱ្យមានការស៊ើបអង្កេត
ឆ្លើយតបទៅនឹងករណីដែលយោធាអ៊ីស្រាអែលបានចងជនជាតិប៉ាឡេស្ទីនទៅនឹងរថយន្តយោធា អំឡុងពេលការវាយប្រហារនៅទីក្រុង Jenin ភាគខាងលិចវេសប៊ែង ដែលកាន់កាប់ដោយអ៊ីស្រាអែល ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយថា វាជាការប្រព្រឹត្តដែលមិនអាចទទួលយកបាន និងទាមទារឱ្យមានការស៊ើបអង្កេត។
នៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃពុធ លោក Volker Turk បាននិយាយថា ករណីនេះត្រូវតែមានការស៊ើបអង្កេតប្រកបដោយតម្លាភាព និងឯករាជ្យ ដើម្បីដឹងពីអ្វីដែលបានកើតឡើង និងដើម្បីធានាថា ជនល្មើសត្រូវបាននាំយកមកកាត់ទោស”។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
បន្ថែមពីនេះ អ្នកនាំពាក្យរបស់លោក Turk លោកស្រី Ravina Shamdasani បានព្រមានថា ការរំលោភបំពានបែបនេះនឹងបន្តមានប្រសិនបើមិនមានការដាក់ទោស។ លោកស្រីបន្តថា នៅពេលណាមួយអ្នកអស់ពាក្យថ្កោលទោសដើម្បីប្រើសម្រាប់ឧប្បត្តិហេតុបែបនេះ។ លោកស្រីបានបន្ថែមថា ការប្រមាថ និងការបង្ខូចសហគមន៍មនុស្សជាតិទាំងមូល…ស្ទើរតែក្លាយទៅជារឿងដែលគេគិតថាត្រូវបានអនុញ្ញាត ដោយសារការប្រព្រឹត្តដោយកងទ័ពអ៊ីស្រាអែល។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទទួលបានរបាយការណ៍ដ៏គួរឱ្យព្រួយបារម្ភយ៉ាងច្រើនអំពីរបៀបដែលអ្នកជាប់ឃុំប៉ាឡេស្ទីន ត្រូវបានប្រព្រឹត្តដោយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។ របាយការណ៍ទាំងនោះរួមមាន៖ មនុស្សត្រូវបានឃុំឃាំងដោយមិនអនុញ្ញាតអោយមានទំនាក់ទំនង ការធ្វើទារុណកម្ម ការធ្វើបាប ការវាយដំ ខ្នោះដៃ ការដកហូតរបបអាហារ ទឹក ថ្នាំពេទ្យ និងការរំលោភផ្លូវភេទលើអ្នកជាប់ឃុំផងដែរ។ នៅក្រោមច្បាប់អន្តរជាតិ មានការហាមឃាត់ដាច់ខាតលើការប្រើប្រាស់ការធ្វើទារុណកម្ម មិនថាក្នុងកាលៈទេសៈណាក៏ដោយ រួមទាំងក្នុងសង្គ្រាមផងដែរ។
ទោះជាយ៉ាងណា ការិយាល័យសិទ្ធិបានលើកឡើងបញ្ហានេះដោយផ្ទាល់ជាមួយអាជ្ញាធរអ៊ីស្រាអែល និងទាមទារការស៊ើបអង្កេតប្រកបដោយតម្លាភាពលើការចោទប្រកាន់ទាំងនេះ ប៉ុន្តែវានៅមិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការនៅឡើយ។
គួរជម្រាបថា ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក អ៊ីស្រាអែលបានបើកការវាយប្រហារជាបន្តបន្ទាប់ទាំងលើអាកាស និងផ្លូវគោកនៅហ្គាហ្សា ដើម្បីសងសឹកនឹងក្រុមហាម៉ាស ដែលគិតត្រឹមថ្ងៃទី១ ខែកក្កដា ប្រជាជនប៉ាឡេស្ទីនចំនួន ៣៧,៩០០នាក់ត្រូវបានសម្លាប់ ហើយក្នុងនោះភាគច្រើនជាស្ត្រីនិងកុមារ៕