ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ រួមជាមួយសហការី បាននាំយកកញ្ចប់អាហារស្រាយបួស ចែកជូនដល់ ហាកឹមម៉ាស្ជិតទាំង ២៥វិហារ ក្នុងស្រុកក្រូចឆ្មារ ដើម្បីអបអរសាទរខែរ៉ាម៉ាឌន
ត្បូងឃ្មុំ៖ ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ រួមជាមួយសហការី បានចុះជួបសំណេះសំណាល និងនាំយក
កញ្ចប់អាហារស្រាយបួស ចែកជូនដល់ ហាកឹមម៉ាស្ជិតទាំង ២៥វិហារ ក្នុងស្រុកក្រូចឆ្មារ ក្នុងឱកាសអបអរសាទរ ខែរ៉ាម៉ាឌន ដែលខិតជិតមកដល់នាពេលខាងមុខ។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅ វិហារធំជំនីក ភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ផារ៉ា មង្គល បានពាំនាំ ការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីជូនពរ ពីសំណាក់សម្ដេចសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងពាំនាំសេចក្តីនឹករលឹកពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលតែងតែរួមសុខទុក្ខជាមួយលោកហាកឹមម៉ាស្ជិត និងទួនខ្មែរ-ឥស្លាម ក្នុងស្រុកក្រូចឆ្មារ។
ឯកឧត្តមប្រធាន បានលើកឡើងថា ការចូលរួមនៅថ្ងៃនេះ គឺជាការដឹងគុណ និងបង្ហាញពីសាមគ្គីភាពរវាងក្រុមការងារ និងបងប្អូនខ្មែរឥស្លាមទាំង ១២ ឃុំ ក្នុងស្រុកក្រូចឆ្មារ។ ឯកឧត្តមក៏បានបញ្ជាក់ថា ទំនាក់ទំនងរឹងមាំ មិនកើតចេញពីពាក្យសម្តីតែមួយមុខទេ ប៉ុន្តែកើតពីការយល់ពីគ្នា ស្តាប់គ្នា និងជួយគ្នាទៅវិញទៅមក ហើយឯកឧត្តមបានអញ្ជើញមកក្នុងនាមជាអ្នកស្តាប់មតិយោបល់បងប្អូន ដើម្បីរួមពិភាក្សា និងស្វែងរកដំណោះស្រាយតាមសំណូមពរ។
ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងធានា សិទ្ធិសេរីភាពក្នុងការគោរពជឿកាន់សាសនា ដោយគោរពសេចក្តីថ្លៃថ្នូ និងសាមគ្គីភាពជាតិ។
សម្រាប់អំណោយ ដែលចែកជូនក្នុងឱកាសស្រាយបួសនេះ ក្នុង១វិហារ រួមមាន ត្រីខ ៥០ កំប៉ុង, ផ្លែល្មើ ៤ គីឡូក្រាម, នំធុង ២ ធុង, តែ ១កញ្ចប់ធំ, កាហ្វេ ១កញ្ចប់ធំ, ស្ករស ៥ គីឡូក្រាម និងថវិកា ១០ ម៉ឺនរៀល ៕





