អ្នកកាសែតប៉ាឡេស្ទីនចំនួន ៨៦ នាក់ហើយត្រូវបានសម្លាប់ ក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់អ្នកកាសែតប៉ាឡេស្ទីន ៨៦នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការយោធាអ៊ីស្រាអែលដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា អ្នកស្លាប់ចុងក្រោយគឺ Mohamed Abu Samra ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍បាននិយាយថា “ការសម្លាប់អ្នកកាសែតប៉ាឡេស្ទីន ពីសំណាក់អ៊ីស្រាអែល គឺជាការប៉ុនប៉ងដើម្បីបិទបាំងពីការរាយការណ៍ការពិតអំពីប៉ាឡេស្ទីន”។
ជាការសងសឹកចំពោះការវាយប្រហារដ៏គួរអោយភ្ញាក់ផ្អើលពីសំណាក់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបណ្តាលអោយមានមនុស្សស្លាប់ចំនួន ១,២០០នាក់ អ៊ីស្រាអែលបានបិទខ្ទប់ទាំងស្រុងលើតំបន់ហ្គាហ្សា ហើយបើកការវាយទាំងផ្លូវអាកាស និងផ្លូវគោក។ យោងតាមអាជ្ញាធរសុខាភិបាលនៅហ្គាហ្សា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៨,២០៥ នាក់ត្រូវបានសម្លាប់ និង ៤៩,៦៤៥ នាក់ផ្សេងទៀតបានរងរបួស៕