អ៊ីស្រាអែលបើកការវាយប្រហារទីក្រុងរ៉ាហ្វះ ដែលជាជម្រកចុងក្រោយរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការរត់គេចពីសង្គ្រាម បណ្តាលអោយមនុស្សស្លាប់យ៉ាងហោចណាស់ ២២នាក់ ហើយភាគច្រើនជាកុមារ
អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជិតមួយថ្ងៃទៅលើក្រុង Rafah ដែលជាជម្រកចុងក្រោយរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការរត់គេចខ្លួនពីសង្គ្រាម ដែលមានជាងពាក់កណ្តាលនៃប្រជាជនចំនួន ២,៣ លាននាក់បានប្រមូលផ្តុំគ្នានៅទីនោះ។
យោងតាមមន្ត្រីសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា ភាគខាងត្បូងនៃទីក្រុង Rafah ពេញមួយយប់ បានសម្លាប់មនុស្ស ២២នាក់ ក្នុងនោះមានកុមាររហូតដល់ ១៨នាក់។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
អ៊ីស្រាអែលក៏បានប្តេជ្ញាពង្រីកការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសទៅកាន់ទីក្រុងដែលនៅតាមព្រំដែនជាមួយនឹងប្រទេសអេហ្ស៊ីប ខណៈថ្មីៗនេះខ្លួនទើបទទួលបានកញ្ចប់ជំនួយយោធាបន្ថែមរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
ការវាយប្រហារលើកដំបូងពីសំណាក់អ៊ីស្រាអែលនៅ Rafah បានសម្លាប់ប្តីនិងប្រពន្ធមួយគូរ រួមនិងកូនរបស់ពួកគេដែលមានអាយុ ៣ឆ្នាំ។ ហើយការវាយប្រហារលើកទីពីរបានសម្លាប់កុមារចំនួន ១៧នាក់ និងស្ត្រីពីរនាក់មកពីក្រុមគ្រួសារប៉ាឡេស្ទីនបន្តបន្ទាប់។ នេះបើយោងតាមមន្ទីរពេទ្យគុយវ៉ែតដែលនៅជិតនោះដែលបានទទួលសាកសព។
គួរជម្រាបថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក បានបំផ្លិចបំផ្លាញទីក្រុងធំៗចំនួនពីររបស់ Gaza និងបានបំផ្លាញសំណង់អគារ រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើន។ ប្រជាជនប្រហែល ៨០% បានភៀសខ្លួនទៅកាន់ផ្នែកផ្សេងទៀតនៃតំបន់ឆ្នេរដែលត្រូវបានឡោមព័ទ្ធ។ យោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់ សង្គ្រាមបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរហូតដល់ជាង ៣៤,០០០នាក់ ដែលក្នុងនោះ 2/3 នៃពួកគេជាស្ត្រី និងកុមារ៕