• November 14, 2024
 អភិបាលរាជធានីភ្នំពេញ ស្នើអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃ ម្ហូបអាហារ និងថែរក្សាបរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

អភិបាលរាជធានីភ្នំពេញ ស្នើអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃ ម្ហូបអាហារ និងថែរក្សាបរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

Spread the love
Digiqole Ad

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើកីឡាករ កីឡាការិនី អុំទូក និងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងស្នើអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃម្ហូបអាហារ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។

ការស្នើសុំនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ខណៈឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះផង និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខ ក្នុងនាមរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ ជាកន្លែងប្រារព្ធព្រះរាជពិធី។

ការប្រារព្វពិធីបែបសាសនានេះ មានគោលបំណងសុំម្ចាស់ទឹកម្ចាស់ដីបារមី លោកយាយដូនពេញ សូមជួយតាមបីបាច់ថែរក្សាចំណុះទូក និងសុំឱ្យដំណើរការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹតទៅដោយរលូន និងជោគជ័យប្រកបដោយសុខសុវត្ថិភាព និងប្រកបដោយភាពរីករាយស្និតស្នាល រក្សាបានប្រពៃណីទំនៀមទំលាប់ជាតិ និងសាមគ្គីភាព មិត្តភាព។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិតាំងពីយូលង់មកហើយ។ព្រះរាជពិធីបុណ្យនេះ មានបំណងបង្ហាញពីការរំលឹកដឹងគុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គាដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិសំរាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋយើងក្នុងការលើកស្ទួយវិស័យកសិកម្មជាតិឱ្យមានការរីកចំរើន។ ម៉្យាងទៀត ក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាព ក្នុងមហាគ្រួសាសម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងសុខសន្តិភាពដ៏បរិបូណ៌រួមទាំងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័សពិសេសនៅរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំអាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ទប់ស្កាត់បទល្មើសលូច ឆក់ ប្លន់ ការពារបងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្ត នៅព្រះរាជពិធីបុណ្យអុំទូកនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអនុវត្តតាមអនុសាសន៏ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឱ្យទទួលបានភាពសប្បាយរីករាយ៕
Cr: MoINFO

Digiqole Ad

Related post