អង្គការឥស្លាមដ៏ធំមួយនៅប្រទេសឥណ្ឌូនេស៊ី នឹងបញ្ជូនក្រុមការងារដើម្បីសិក្សាស្វែងយល់ពិនិត្យលទ្ធភាពបើកសាខារបស់ខ្លួននៅកម្ពុជា
អង្គការ Muhammadiyah ដែលជាអង្គការឥស្លាមដ៏ធំមួយ នៅប្រទេសឥណ្ឌូនេស៊ី នឹងបញ្ជូនក្រុមការងារដើម្បីសិក្សាស្វែងយល់ពិនិត្យលទ្ធភាពបើកសាខារបស់ខ្លួននៅកម្ពុជា។ នេះគឺជាការឆ្លើយរបស់ លោកបណ្ឌិត Muhammad Saad ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំនៃអង្គការ Muhammadiyah ទៅកាន់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាឱកាសជំនួបពិភាក្សាការងារ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ នៅប្រទេសឥណ្ឌូនេស៊ី។
នាក្នុងឱកាសនោះ អង្គការ Muhammadiyah ក៏បានប្រកាសផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ២០កន្លែង លើថ្នាក់អនុបណ្ឌិត និងថ្នាក់បរិញ្ញាប័ត្រ សម្រាប់ឆ្នាំសិក្សា ២០២៥ ២០២៦ តបតាមការស្នើសុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។
គួរជម្រាបថា អង្គការ Muhammadiyah ដែលជាអង្គការឥស្លាមដ៏ធំមួយនៅប្រទេសឥណ្ឌូនេស៊ី បង្កើតឡើងតាំងពីឆ្នាំ១៩១២ មានសមាជិកជាង ១៩០លាននាក់ និងមានសកម្មភាពលើវិស័យអប់រំ សុខាភិបាល និងសកម្មភាពសង្គមផ្សេងៗទៀត។
បច្ចុប្បន្នអង្គការនេះ មានសាកលវិទ្យាល័យរបស់ខ្លួនចំនួន ១៧២ មាននិស្សិត ៦១៨,៤៤៤នាក់ (មិនមែនឥស្លាម ៤,៥០០នាក់, បរទេស ១,២០៣នាក់) នៅទូទាំងប្រទេសឥណ្ឌូនេស៊ី ហើយមានសាខានៅប្រទេសម៉ាឡស៊ី និងអូស្រ្តាលីផងដែរ៕