អង្គការសហប្រជាជាតិ ទាមទារអោយកុមារប៉ាឡេស្ទីន នៅហ្គាហ្សាចំនួន ២៥០០នាក់ត្រូវបានជម្លៀសបន្ទាន់ សម្រាប់ការព្យាបាលវេជ្ជសាស្ត្រ
អង្គការសហប្រជាជាតិ បានទាមទារឱ្យកុមារប៉ាឡេស្ទីន នៅហ្គាហ្សាចំនួន ២៥០០នាក់ត្រូវបានជម្លៀសជាបន្ទាន់ សម្រាប់ការព្យាបាលវេជ្ជសាស្ត្រ ខណៈក្រុមគ្រូពេទ្យដែលបំពេញការងារនៅក្នុងតំបន់ បាននិយាយថា កុមារទាំងនេះមានហានិភ័យនៃការស្លាប់ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ការទាមទារធ្វើឡើង បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជួបពិភាក្សាជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបំពេញការងារនៅក្នុងតំបន់។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Middle East នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
មានអ្នកជំងឺជាង ១២ ០០០ នាក់កំពុងរង់ចាំការជម្លៀសផ្នែកវេជ្ជសាស្រ្ត នៅប៉ុន្មានថ្ងៃមុនពេលបទឈប់បាញ់ចូលជាធរមាន ពោលនៅថ្ងៃទី១៩ ខែមករា ហើយត្រូវបានគេគិតថា អាចនឹងកើនឡើងបន្ថែមទៀត ក្នុងអំឡុងពេលបទឈប់បាញ់។ លោក Feroze Sidhwa គ្រូពេទ្យមួយរូបផ្នែកវះកាត់របួស មកពីកាលីហ្វ័រញ៉ា ដែលបំពេញការងារនៅហ្គាហ្សា បាននិយាយថា “ក្នុងចំណោមអ្នកជំងឺទាំងនោះ មានកុមារប្រហែល ២៥០០នាក់ ដែលប្រឈមមុខនឹងការស្លាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ជុំវិញបញ្ហានេះ លោក Guterres បាននិយាយថា លោកមានការរំជួលយ៉ាងខ្លាំងដោយកិច្ចប្រជុំរបស់គាត់ជាមួយក្រុមគ្រូពេទ្យអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ លោកបានទាមទារធ្វើយ៉ាងណា អោយកុមារ ២៥០០នាក់ ត្រូវតែត្រូវបានជម្លៀសភ្លាមៗជាមួយនឹងការធានាថា ពួកគេនឹងអាចត្រឡប់ទៅគ្រួសារ និងសហគមន៍របស់ពួកគេវិញ” ។
គួរជម្រាបថា អង្គការសុខភាពពិភពលោក បាននិយាយថា អ្នកជំងឺ ៥៣៨៣ នាក់ត្រូវបានជម្លៀសចេញ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ក្នុងខែតុលា ឆ្នាំ២០២៣ ដែលភាគច្រើនស្ថិតក្នុងរយៈពេល ៧ខែដំបូង មុនពេលច្រកព្រំដែន Rafah ដែលឆ្លងកាត់រវាងអេហ្ស៊ីប និងហ្គាហ្សាត្រូវបានបិទ។
កំឡុងសង្គ្រាមរយៈពេល ១៥ខែ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហ្គាហ្សាត្រូវបានបំផ្លិចបំផ្លាញជុំវិញមនុស្សជាង ២លាននាក់ និងប្រព័ន្ធថែទាំសុខភាពរបស់វា៕