សាធារដ្ឋតួកគីយ៉េ ចុះកិច្ចព្រមព្រៀងទំហំជិត១១ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងពីចក្រភពអង់គ្លេស
អង់ការ៉ា ៖ តួកគីយ៉េ បានព្រមព្រៀងទិញយន្តហោះចម្បាំង Eurofighter Typhoon ថ្មីចំនួន២០គ្រឿង ពីចក្រភពអង់គ្លេស ក្នុងតម្លៃ៨ពាន់លានផោន ឬស្មើនឹង១០.៧ពាន់លានដុល្លារកាលពីថ្ងៃចន្ទសប្តាហ៍នេះ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានចុះកិច្ចព្រមព្រៀងខាងលើ ជាមួយប្រធានាធិបតីតួកគីយ៉េ លោក Tayyip Erdogan អំឡុងដំណើរទស្សនកិច្ចលើកដំបូង មកកាន់ប្រទេសតួកគីយ៉េ ចាប់តាំងពីរូបលោកចូលកាន់តំណែងកាលពីឆ្នាំ២០២៤។ បើតាមទីក្រុងឡុងដ៍ ទីក្រុងអង់ការ៉ានឹងចាប់ផ្តើមទទួលបានយន្តហោះ Typhoon នៅឆ្នាំ២០៣០ ហើយក្នុងកិច្ចព្រមព្រៀងនោះ ក៏រួមមានជម្រើសឱ្យតួកគីយ៉េ អាចទិញបន្ថែមលើសពី២០គ្រឿងផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីត្រូវទីក្រុងវ៉ាស៉ីនតោន ដកចេញពីដៃគូក្នុងកម្មវិធីយន្តហោះចម្បាំង F-35 កាលពីឆ្នាំ២០១៩ ដោយសារតែរឿងទិញប្រព័ន្ធខែលការពារមីស៉ីលរុស្ស៉ី S-400 តួកគីយ៉េបានបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅរកអឺរ៉ុប។ ទីក្រុងអង់ការ៉ា មានគោលដៅចង់ទិញយន្តហោះ Typhoon សរុប៤០គ្រឿង ដែលផលិតរួមគ្នាដោយអង់គ្លេស អាល្លឺម៉ង់ អ៉ីតាលី និងអេស៉្បាញ៕





