• October 14, 2024
 រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីការទាញយកប្រយោជន៍នៃ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលចូលជាធរមាននៅ ដើមឆ្នាំ២០២២

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីការទាញយកប្រយោជន៍នៃ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលចូលជាធរមាននៅ ដើមឆ្នាំ២០២២

Spread the love
Digiqole Ad

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្តក្នុងការទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។ នេះជាការគូសបញ្ជាក់ របស់ ឯកឧត្តម នេត្រ ភក្ត្រា នៅក្នុងកម្មវិធីបើក បាឋកថាស្តីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច” ឧទ្ទេសនាមដោយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅកាត់តាមភាសាអង់គ្លេសថា «RCEP» មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាយើង ដែលសាធារណជនទូទៅ ជាពិសេស ពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្តក្នុងការទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងទៀតថា សក្តានុពលទាំងឡាយដែលកើតចេញពីកិច្ចព្រមព្រៀង RCEP នៅក្នុងដំណាក់កាលនៃការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩នេះ ពិតជាមានសារៈសំខាន់ជាសារវន្តសម្រាប់កម្ពុជា តាមរយៈការពន្លឿនដំណើរការឧស្សាហូបនីយកម្ម និងឌីជីថលូបនីយកម្ម និងការផលិតដែលមានលក្ខណៈវៃឆ្លាតនានា ដោយជំរុញ និងពង្រឹងសក្តានុពលវិស័យឧស្សាហកម្ម បច្ចេកវិទ្យាក្នុងស្រុកឱ្យក្លាយជាផ្នែកមួយនៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ សម្រាប់គោលដៅរួមក្នុងការនាំកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ធំមហិមាមួយនេះ បានបង្ហាញយ៉ាងច្បាស់ពីការវិលត្រឡប់មកវិញនូវពហុភាគីនិយម ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការចូលរួម និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មដោយសេរី និងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសកលនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ដូច្នេះ ការយល់ច្បាស់គោលបំណងអំពីកិច្ចព្រមព្រៀងនេះ នឹងជួយឱ្យបណ្ដាវិនិយោគិន និងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា អាចអភិវឌ្ឍន៍ខ្លួនស្របតាមការវិវត្តិនៃសភាពការណ៍នៅលើសកលលោក និងបង្កើននូវភាពប្រកួតប្រជែងរបស់ខ្លួន។

គួរជម្រាបថា ទស្សនទាននៃកិច្ចព្រមព្រៀងនេះត្រូវបានផ្តួចផ្តើមឡើងនៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១៩ នៅខែវិច្ឆិកា ឆ្នាំ២០១១ ហើយមួយឆ្នាំបន្ទាប់មក ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ហើយបានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ មានន័យថា ពេលដែលកម្ពុជាយើងចាប់ផ្តើមអាណត្តិជាប្រធានអាស៊ាន លើកទី៣ កិច្ចព្រមព្រៀងនេះបានចាប់បដិសន្ធិឡើង ហើយដប់ឆ្នាំក្រោយមក កិច្ចព្រមព្រៀងនេះចូលជាធរមាន ខណៈនៅលើទឹកដីនៃកម្ពុជារបស់យើងម្តងទៀត៕

Digiqole Ad

Related post