• July 16, 2024
 យ៉ាងហោចណាស់មួយភាគបួននៃចំនួនប្រជាជននៅហ្គាហ្សា ដែលត្រូវបានឡោមព័ទពីសំណាក់អ៊ីស្រាអែល កំពុងឈានដល់ការធ្លាក់ទៅក្នុងស្ថានភាពនៃគ្រោះទុរ្ភិក្ស

យ៉ាងហោចណាស់មួយភាគបួននៃចំនួនប្រជាជននៅហ្គាហ្សា ដែលត្រូវបានឡោមព័ទពីសំណាក់អ៊ីស្រាអែល កំពុងឈានដល់ការធ្លាក់ទៅក្នុងស្ថានភាពនៃគ្រោះទុរ្ភិក្ស

Spread the love
Digiqole Ad

មន្ត្រីមកពីអង្គការសហប្រជាជាតិ បានចោទប្រកាន់អ៊ីស្រាអែលថាបានរារាំងជំនួយជាប្រព័ន្ធមិនឱ្យទៅដល់ប្រជាជនប៉ាឡេស្ទីនដែលកំពុងរងនូវភាពអត់ឃ្លាន នៅក្នុងតំបន់ហ្គាហ្សា ដោយព្រមានថា យ៉ាងហោចណាស់មួយភាគបួននៃចំនួនប្រជាជនដែលត្រូវបានឡោមព័ទ កំពុងឈានដល់ការធ្លាក់ទៅក្នុងស្ថានភាពនៃគ្រោះទុរ្ភិក្ស បើមិនមានវិធានការបន្ទាន់ណាមួយ។

ការព្រមាននេះ បានធ្វើឡើងកាលពីថ្ងៃអង្គារ នៅពេលដែលវីដេអូពីភាគខាងជើងតំបន់ហ្គាហ្សាបង្ហាញអំពីកងកម្លាំងអ៊ីស្រាអែល បើកការបាញ់ប្រហារម្តងទៀតទៅលើប្រជាជនប៉ាឡេស្ទីនដែលប្រមូលផ្តុំគ្នា ដើម្បីទទួលបានស្បៀងអាហារនៅក្នុងតំបន់នោះ។ គេមិនទាន់ដឹងច្បាស់ទេថា តើការបាញ់ប្រហារនោះបណ្តាលឱ្យមានមនុស្សស្លាប់ ឬមានរបួសដែរឬអត់។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ដែលបានរៀបចំកិច្ចប្រជុំស្តីពីសន្តិសុខស្បៀងនៅហ្គាហ្សា កាលពីថ្ងៃអង្គារ លោក Ramesh Rajasingham ប្រធានផ្នែកសម្របសម្រួលនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា “យើងនៅទីនេះនៅចុងខែកុម្ភៈ ជាមួយនឹងមនុស្សយ៉ាងហោចណាស់ ៥៧៦,០០០នាក់ នៅហ្គាហ្សា ដែលស្មើនឹងមួយភាគបួននៃចំនួនប្រជាជន កំពុងឈានដល់ការធ្លាក់ទៅក្នុងស្ថានភាពនៃគ្រោះទុរ្ភិក្ស”។

លោកបានបន្តថា កុមារម្នាក់ក្នុងចំណោម ៦នាក់ ដែលមានអាយុក្រោម ២ឆ្នាំ នៅភាគខាងជើងហ្គាហ្សាកំពុងជួបនូវបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយជាក់ស្តែងប្រជាជន ២.៣ លាននាក់ នៅទូទាំងប៉ាឡេស្ទីនពឹងផ្អែកលើជំនួយស្បៀងអាហារមិនគ្រប់គ្រាន់។ “ប្រសិនបើនៅតែបន្តមិនមានសកម្មភាពណាមួយទៀតនោះ យើងខ្លាចថា ទុរ្ភិក្សរីករាលដាលនៅក្នុងតំបន់ហ្គាហ្សាស្ទើរតែជៀសមិនរួច ហើយជម្លោះនឹងមានជនរងគ្រោះជាច្រើនថែមទៀត”។

ជាមួយគ្នានេះ លោក Carl Skau នាយកប្រតិបត្តិរងរបស់ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានលើកឡើងដែរថា “ហានិភ័យនៃគ្រោះទុរ្ភិក្សកំពុងត្រូវបានបញ្ឆេះដោយអសមត្ថភាពក្នុងការនាំយកការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗទៅកាន់តំបន់ហ្គាហ្សានូវបរិមាណគ្រប់គ្រាន់ និងលក្ខខណ្ឌប្រតិបត្តិការដែលស្ទើរតែមិនអាចប្រឈមមុខដោយបុគ្គលិករបស់យើង”។ លោកបានបន្ថែមថា “ប្រសិនបើមិនមានអ្វីផ្លាស់ប្តូរទេ នោះគ្រោះទុរភិក្សនឹងកើតមាននៅភាគខាងជើងហ្គាហ្សាជាមិនខាន”។

គួរជម្រាបថា លំហូរនៃជំនួយចូលទៅហ្គាហ្សាតាមរយៈប្រទេសអេហ្ស៊ីប ដែលជាច្រកតែមួយគត់ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ក្រោមការរារាំងពីសំណាក់អ៊ីស្រាអែល ទោះបីមានការអំពាវនាវដោយអន្តរជាតិ។ ការអនុញ្ញាតចុងក្រោយគឺធ្វើឡើងតាំងតែពីថ្ងៃទី២៣ ខែមករា មកម៉្លេះ៕

Digiqole Ad

Related post