• October 16, 2024
 ប្រធានក្រុមប្រឹក្សាធុរកិច្ចប្រទេសម៉ាឡេស៊ី មើលឃើញពីសក្ដានុពលខ្ពស់ខាងវិស័យទេសចរណ៍នៅកម្ពុជា និងបានលើកឡើងពីការជំរុញធ្វើធុរកិច្ច និងវិនិយោគ

ប្រធានក្រុមប្រឹក្សាធុរកិច្ចប្រទេសម៉ាឡេស៊ី មើលឃើញពីសក្ដានុពលខ្ពស់ខាងវិស័យទេសចរណ៍នៅកម្ពុជា និងបានលើកឡើងពីការជំរុញធ្វើធុរកិច្ច និងវិនិយោគ

Spread the love
Digiqole Ad

លោក Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចប្រទេសម៉ាឡេស៊ី បានមើលឃើញពីសក្ដានុពលខ្ពស់ខាងវិស័យទេសចរណ៍នៅកម្ពុជា និងបានលើកឡើងពីការជំរុញធ្វើធុរកិច្ច និងវិនិយោគ។

នាឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ លោក Tan Sri Nazir Razak បានជម្រាបជូនសម្ដេចធិបតី ថា កម្ពុជាជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍ និងបានលើកឡើងពីការជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងតំបន់ និងពិភពលោក ជាមួយនឹងការផ្ដល់ឱកាសឱ្យវិស័យឯកជនចូលរួមដោយផ្ទាល់ក្នុងការកំណត់គំរូអាជីវកម្មថ្មីៗ។

ទន្ទឹមនឹងនោះ លោក Tan Sri Nazir Razak ក៏បានពិភាក្សាអំពីផែនការសកម្មភាពការងារមួយចំនួនរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៅពេលប្រទេសម៉ាឡេស៊ីនឹងក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៥ខាងមុខ ខណៈរូបលោក ក៏នឹងក្លាយជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានផងដែរ។

លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី បានលើកឡើងពីគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅតំបន់អាស៊ាន តាមរយៈការកំណត់អត្តសញ្ញាណរួមពិសេស ក្នុងនាមជាធុរជន និងវិនិយោគិនអាស៊ាន រៀបចំការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងនៅក្នុងទីផ្សារមូលបត្រអាស៊ាន (ASEAN-IPO) ការពង្រឹងយន្តការនៃការទទួលខុសត្រូវផ្នែកសង្គម ជាមួយនឹងការសម្រួលដល់ការបរិច្ចាគឆ្លងដែននានា និងជំរុញឱ្យមានការចូលរួមផ្នែកយែនឌ័រប្រកបដោយសមធម៌ និងបរិយាប័ន្ន ក្នុងធុរកិច្ច និងការវិនិយោគ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពចំពោះគំនិតផ្ដួចផ្ដើមរបស់លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី ដោយសម្ដេចបានគូសបញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺការប្រែក្លាយគំនិតផ្ដួចផ្ដើមទាំងនេះទៅជាសកម្មភាព និងលទ្ធផលជាក់ស្ដែង។ សម្ដេចធិបតី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើសុខដុមនីយកម្មនៃក្របខ័ណ្ឌគតិយុត្តនៃបណ្ដាប្រទេសអាស៊ាន ដើម្បីបង្កើតឱ្យបាននូវបរិស្ថានអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគិនក្នុងតំបន់អាស៊ាន ការប្រែក្លាយគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតឱ្យមានទីផ្សារមូលបត្ររួម នៅក្នុងតំបន់អាស៊ាន និងការជំរុញការចូលរួមបន្ថែមទៀតរបស់វិស័យឯកជនក្នុងធុរកិច្ច និងការវិនិយោគ ។

សម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកថាវិស័យឯកជនជាដៃគូមិនអាចខ្វះបានក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាហើយរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកញ្ចប់វិធានការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនបានដំណើរការល្អប្រសើរ និងរីកលូតលាស់៕

Digiqole Ad

Related post