ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាទទួលបានជំនួយមនុស្សធម៌ តាមរយៈការទម្លាក់ពីយន្តហោះយោធារបស់ប្រទេសហ្ស៊កដានី ខណៈសង្គ្រាមកំពុងបន្តរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស
ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាទទួលបានជំនួយមនុស្សធម៌ តាមរយៈការទម្លាក់ពីយន្តហោះយោធារបស់ប្រទេសហ្ស៊កដានី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ កងកម្លាំងយោធាហ្ស៊កដានី បាននិយាយថា ការទម្លាក់ជំនួយមនុស្សធម៌តាមយន្តហោះដែលធ្វើឡើងនៅក្នុងតំបន់ដែលក្បួនយន្តហោះមិនអាចទៅដល់នោះ ត្រូវបានបញ្ចប់ជាមួយនឹងយន្តហោះប្រភេទ C130 ចំនួនពីរគ្រឿង ពីកងទ័ពអាកាស Royal Jordanian។ នេះបើតាមការផ្សាយដោយសារព័ត៌មានចិន Xinhua នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ថា ជំនួយមនុស្សធម៌ដែលត្រូវបានទម្លាក់ដើម្បីជួយដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា មានចំនួនសរុប ១១៩ហើយ និងចំនួន ២៦៦គ្រឿង បន្ថែមទៀតក្រោមកិច្ចសហការជាមួយនឹងប្រទេសដទៃ ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើង។
កងទ័ពនៅបន្តផ្តល់ជំនួយមនុស្សធម៌ និងផ្នែកវេជ្ជសាស្រ្ត តាមរយៈក្បួនរថយន្តតាមដីគោកក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសប្បុរសធម៌ Jordan Hashemite ជាអង្គការមិនមែនរដ្ឋាភិបាលជាតិពហុមុខងារ និងមិនស្វែងរកប្រាក់ចំណេញ។
គួរជម្រាបថា រហូតមកដល់ពេលនេះ សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា កំពុងតែបន្ត ដោយគេមិនទាន់ឃើញមានពន្លឺនៃកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយអាចនឹងកើតមានឡើងនោះឡើយ។ ការវាយប្រហារដែលជាការសងសឹករបស់អ៊ីស្រាអែល បន្ទាប់ពីហេតុការណ៍ថ្ងៃទី៧ ខែតុលាមក បានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនរហូតដល់ជាង ៤០,៧០០នាក់ ដែលក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ៕