គួរអោយអាណិតណាស់! កុមារាខ្មែរឥស្លាមមួយរូប អាយុ១២ឆ្នាំ រស់នៅភូមិទ្រា៥ បានរងរបួសដាច់ជើងម្ខាងត្រឹមភ្លៅ ដោយសារគ្រោះថ្នាក់ក្រឡាប់រទេះដឹកឥវ៉ាន់កៀបនឹងដើមស្វាយ
ទ្រា, ត្បូងឃ្មុំ៖ កុមារាខ្មែរឥស្លាមមួយរូប បានរងរបួសដាច់ជើងម្ខាងត្រឹមភ្លៅ ដោយសារគ្រោះថ្នាក់ក្រឡាប់រទេះដឹកឥវ៉ាន់កៀបនឹងដើមស្វាយ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅមុខសាលាបឋមសិក្សាភូមិទ្រាទី៤ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
កុមាររងគ្រោះមានឈ្មោះ យ៉ាន ហ្វាទេស អាយុ១២ឆ្នាំ ជាសិស្សរៀននៅសាលាអាហ្ស៊ីហ្សះ រស់នៅភូមិទ្រាទី៥ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
មុនកើតហេតុ កុមាររងគ្រោះបានជិះលើរទេះដឹកឥវ៉ាន់ដែលមានពូឈ្មោះ ជិ ហ្វីស៊ី ជាអ្នកបើកបរ កំពុងដឹកឥវ៉ាន់មកពីកន្លែងលក់ ត្រឡប់ទៅផ្ទះ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូបានគេចជាមួយរថយន្តដែលបើកបរមកពីទិសផ្ទុយ ក៏បានរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់រទេះ បណ្តាលអោយជនរងគ្រោះទៅកៀបនឹងដើមស្វាយ រងរបួសដាច់ជើងម្ខាងត្រឹមភ្លៅភ្លាមៗតែម្តង។
ក្រោយកើតហេតុ កុមាររងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរ បច្ចុប្បន្នត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ៕