• July 25, 2024
 កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម លើកដំបូងចំនួន ៥០០តោន ក្រោមការ​បញ្ជាទិញក្នុងកម្រិតចំនួន ៦០,០០០តោន

កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម លើកដំបូងចំនួន ៥០០តោន ក្រោមការ​បញ្ជាទិញក្នុងកម្រិតចំនួន ៦០,០០០តោន

Spread the love
Digiqole Ad

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារប្រទេសអេមីរ៉ាត​អារ៉ាប់​រួម លើកដំបូងចំនួន ៥០០តោន ក្រោមការ​បញ្ជាទិញក្នុងកម្រិតចំនួន ៦០,០០០តោន។

ការនាំចេញជាលើកដំបូងនេះ ត្រូវបានរៀបចំពិធីដើម្បីអបអរសាទរ នៅការិយាល័យកណ្ដាល​ក្រុម​ហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួលជោគជ័យក្នុងការបញ្ជាទិញ និងនាំចេញអង្ករកម្ពុជាទៅ​កាន់​ទីផ្សារ​ប្រ​ទេសអេមីរ៉ាតអារ៉ាប់រួម ក្រោមអធិបតីភាពពីសំណាក់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពា​ណិជ្ជកម្ម និងមានការចូលរួមពី​សំណា​ក់ លោកជំទាវអនុរដ្ឋលេខាធិការ ឯក​ឧត្តមប្រតិភូ​រាជរដ្ឋា​ភិ​បាល ឯកឧត្តមអគ្គនាយក នៃក្រសួង​ពា​ណិជ្ជកម្ម លោក​អគ្គនាយក​ក្រុមហ៊ុន វ័នរ៉ូដ គ្រុប លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ​ក្រុម​ហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួលជោគជ័យក្នុងការបញ្ជាទិញ និងនាំចេញអង្ករកម្ពុជាទៅ​កាន់​ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម និងការដឹកជញ្ជូនលើកទី១ ចំនួន ៥០០តោន ក្រោមការ​បញ្ជា​ទិញ​ក្នុងកម្រិតចំនួន ៦០,០០០តោន​ ស្មើនឹងទឹកប្រាក់ ៥៤ លានដុល្លារអាម៉េរិក។

លោកជំទាវរដ្ឋមន្ត្រី បានបន្តថា ការនាំចេញអង្ករនាពេលនេះ មិនត្រឹមតែជាការធ្វើពាណិជ្ជកម្ម​ប៉ុណ្ណោះទេ ថែមទាំងជាការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជា ប្រទេស​អេមី​រ៉ាត​អា​រ៉ាប់រួម និងប្រទេសចិន ដែលមានក្រុមហ៊ុន វ័នរ៉ូដ គ្រុប ជាតំណាងផងដែរ។ លើសពីនេះ ការ​នាំ​ចេញនេះនឹងបើកទីផ្សារថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក្នុងចំណោម​ប្រទេសទាំង៣នេះ ហើយនឹងផ្តល់ឱកាសថ្មីៗ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើ​វិស័យសេដ្ឋ​កិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗ ជាច្រើនបន្ថែមទៀត។

លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន​បន្តខិតខំយ៉ាង​សកម្មក្នុងការបន្តជំរុញ និងគាំទ្រយ៉ាងពេញទំហឹងដល់ការនាំចេញកសិផលក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើនសម្រាប់កសិករ និងអ្នកផលិតរបស់យើង ព្រមទាំងលើក​កម្ពស់​ការ​ប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនូវកសិផលរបស់កម្ពុជា ជាពិសេសសូមស្វាគមន៍​យ៉ាងកក់​ក្តៅ​ចំពោះដៃគូអន្តរជាតិនានា ដែលមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងគោលបំណង​ទទួល​បានផលប្រយោជន៍រួម និងវិបុលភាពទៅវិញទៅមក។

លើសពីនេះ ក្រសួងពាណិជ្ជកម្មនឹងចូលរួមរៀបចំវេទិកាផ្គូផ្គងអាជីវកម្ម ដែលនឹងរៀបចំឡើង នៅ​ចុងខែកុម្ភៈឆ្នាំ ២០២៤ នៅទីក្រុងអាប៊ូដាប៊ី ដើម្បីជំរុញ និងបង្កើតឱកាសក្នុងការ​រកទីផ្សារ​ថ្មីបន្ថែម​ទៀតរបស់អង្ករ​កម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថានឹងមានការបញ្ជាទិញ និង​នាំ​ចេញកាន់​តែ​ច្រើនបន្ថែមទៀត និងបានស្នើឱ្យក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តពួតដៃគ្នាក្នុងការ​ជំរុញ និង​អភិវឌ្ឍវិស័យអង្ករ ព្រមទាំងកេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិ ផងដែរ៕

Digiqole Ad

Related post