កញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន របស់មជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌(KSRelief)ដែលផ្តល់មកសហគមន៍ខ្មែរឥស្លាមត្រូវបានរៀបចំចែកជូន ដល់សាសនិកឥស្លាម ជាបន្តបន្ទាប់ ខណៈដែលខែរ៉ាម៉ាឌនជិតមកដល
នៅរសៀលថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី និងលោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា សុះ កំរី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា លោក អាប់ឌុលឡោះ អាប់ឌុលអាហ្សីស អាល់ហ៊ូហ្សេន ភារធារី នៃស្ថានទូត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា លោក អាប់ឌុលរ៉សម៉ាន អាល់មូតៃរី ប្រធានកម្មវិធី មជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌(KSRelief) ព្រមទាំងឯកឧត្តម លោកជំទាវ ក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ចំនួន ១២៥០ កញ្ចប់ ជូនបងប្អូនសាសនិកឥស្លាមនៅសង្កាត់ច្រាំងចំរេះ១ និងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ តាមរយៈ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
នាឳកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏ដូចជាអង្គការសមាគមនានារបស់ប្រទេសនេះតែងតែផ្តល់ជំនួយមនុស្សធម៌ជាច្រើនដល់សហគមន៍ឥស្លាមកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា អំណោយដែលផ្តល់ជូននាពេលនេះមិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនាមបងប្អូនឥស្លាមដូចគ្នា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត(KSRelief) ដែលជារៀងរាល់ឆ្នាំតែងតែផ្ដល់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់ប្រជាជនកម្ពុជា។ហើយ ឯកឧត្តម ក៏បានថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារទាំងឡាយ ដល់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើង។
ជាមួយគ្នានោះ លោក អាប់ឌុលឡោះ អាប់ឌុលអាហ្សីស អាល់ហ៊ូហ្សេន ភារធារី នៃស្ថានទូត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា បានថ្លែងថា នេះគឺជាអំណោយមួយក្នុងចំណោមអំណោយជាច្រើនដែលផ្តល់ដោយ មជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត(KSRelief) ដើម្បីជួយដល់ការងារមនុស្សធម៌ ហើយនឹងមានគម្រោងផ្សេងៗទៀត ដូចជាការចែកផ្លែល្មើ និងកម្មវិធីមនុស្សធម៌ជាច្រើនទៀត ដើម្បីគាំទ្រដល់សហគមន៍ឥស្លាមកម្ពុជា។
សូមជម្រាបជូនថា កញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនសរុប ចំនួន ៨៨៥០ កញ្ចប់ ចែកជូនសាសនិកឥស្លាម ចំនួន ១៣ រាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្នុងកញ្ចប់អាហារនីមួយៗ មានគ្រឿងឧបភោគ បរិភោគដូចជា អង្ករ ២៥គីឡូ ឥណ្ឌូមី ១កេស ប្រេងឆា ២លីត្រ ស្ករស ២គក អំបិល ១គក ត្រីខ១០ កំប៉ុង ទឹកត្រី ៣ដប និងទឹកស៉ីអ៊ីវ ៣ដប៕





