ក្រចេះៈ វីរកីឡាករម៉ូតូទឹករបស់កម្ពុជា សាលី អ៊ូមើត បាននិងកំពុងសាងសង់ទីលានហ្វឹកហាត់ម៉ូតូទឹកមួយកន្លែង ស្ថិតនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ដើម្បីជាកន្លែងហ្វឹកហាត់ដល់ក្រុមជម្រើសជាតិផង ជាពិសេសជាកន្លែងដែលរូបគេត្រូវបង្វឹកហាត់ និងបណ្តុះបណ្តាលអ្នកបន្តវេនជំនាន់ក្រោយដោយផ្ទាល់ ដើម្បីពង្រីកវិសាលភាពវិស័យកីឡាម៉ូតូទឹកនៅកម្ពុជា ឱ្យកាន់តែខ្លាំង និងកាន់តែល្បី។
សម្រាប់ការរៀបចំសាងសង់ទីលានម៉ូតូទឹក នៅលើផ្ទៃដីមានទំហំជាង ១០ ហិកតា នៅខេត្តក្រចេះនេះ ម្ចាស់មេដាយមាសកីឡាអាស៊ី និងកីឡាស៊ីហ្គេម សាលី អ៊ូមើត បានចំណាយថវិកាផ្ទាល់ខ្លួន ដែលសន្សំបានពីប្រាក់រង្វាន់ ក្នុងការប្រកួតនៅលើឆាកអន្តរជាតិកន្លងមក ដោយគម្រោងនេះ រូបគេត្រូវចំណាយសរុបប្រមាណ ១ លានដុល្លារ អាមេរិក ប៉ុន្តែ សាលី អ៊ូមើត គ្មានការរួញរានោះទេ ដោយសាររូបគេចង់ផ្តល់ឱកាសឱ្យយុវជនកម្ពុជា បានចូលហាត់កីឡាម៉ូតូទឹក ដើម្បីបន្តវេន ដោយមិនយកប្រាក់កម្រៃ។
តាមរយៈក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សាលី អ៊ូមើត បាននិយាយថា៖ «ខ្ញុំកំពុងរៀបគម្រោងជីកដីសាងសង់ទីលានហ្វឹកហាត់ម៉ូតូទឹក ដោយសារតែកីឡាករជម្រើសជាតិរបស់យើងហ្វឹកហាត់ នៅក្រៅប្រទេស មិនទាន់មានទីលានហ្វឹកហាត់ច្បាស់លាស់ទេ ហេតុនេះខ្ញុំបានស្នើទៅខាងស្ពនស័ររបស់ខ្ញុំ នៅក្លិបប្រទេសថៃ ឱ្យគាត់ជួយជាគ្រឿងចក្រយកមកជីកដី ដែលខ្ញុំបានទិញជាង ១០ ហិកតា ដើម្បីសាងសង់ជាទីលាន និងបង្កើតក្លិប សម្រាប់បង្វឹកថ្នាល ក៏ដូចជាយុវជនជំនាន់ក្រោយ ដែលគាត់មានចិត្តស្រឡាញ់លើវិស័យកីឡាម៉ូតូទឹកនេះ»។
ចំពោះដីជាង ១០ ហិកតា ស្ថិតនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះនេះ សាលី អ៊ូមើត បានទម្លាយថា រូបគេបានយកប្រាក់រង្វាន់បានពីការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី មកទិញ ដោយព្រឹត្តិការណ៍នោះ អ៊ូមើត បានឈ្នះមេដាយមាស១ និងសំរឹទ្ធ១ ឱ្យកម្ពុជា ជាប្រវត្តិសាស្រ្តលើកដំបូង។
ដោយឡែក សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាលើកដំបូង កាលពីខែឧសភា កន្លងមកនេះ សាលី អ៊ូមើត បានឈ្នះមេដាយមាស១ និងសំរឹទ្ធ១ ជូនកម្ពុជា ហើយសមិទ្ធផលនេះបានធ្វើឱ្យ អ៊ូមើត កាន់តែមានឈ្មោះបោះសំឡេងខ្លាំង បន្ថែមទៅលើការឈ្នះបានមេដាយមាស ប្រាក់ និងសំរឹទ្ធ រួមទាំងពានជាច្រើនទៀត ដែលរូបគេដណ្តើមបានពីការប្រកួតកម្រិតពិភពលោក អាស៊ី និងកម្រិតអាស៊ាន កន្លងមក ហើយពេលនេះ អ៊ូមើត ចង់ផ្ទេរចំណេះដឹង និងបច្ចេកទេសដ៏ល្អរបស់គេ ទៅដល់អ្នកបន្តវេនជំនាន់ក្រោយ។
សាលី អ៊ូមើត បានបញ្ជាក់ថា៖ «បើគាត់ចង់មកចូលរួមហ្វឹកហាត់ ខ្ញុំមិនគិតលុយពីគាត់ទេ គឺខ្ញុំបញ្ចេញស្នាដៃរបស់ខ្ញុំ អ៊ីចឹងរាល់បច្ចេកទេស ដែលខ្ញុំមាន ខ្ញុំនឹងបង្ហាត់ដល់ពួកគាត់ សម្រាប់ឱ្យគាត់យកបច្ចេកទេសរបស់ខ្ញុំ ទៅប្រកួតនៅលើឆាកអន្តរជាតិ ដើម្បីឱ្យអន្តរជាតិមើលឃើញថា ខ្ញុំខ្លាំង អ្នកដែលបន្តវេនពីខ្ញុំក៏ខ្លាំងដូចគ្នា។ អ៊ីចឹងអ្វីដែលខ្ញុំធ្វើនេះ ខ្ញុំបានចំណាយថវិកាផ្ទាល់ខ្លួន ដោយមិនបានស្នើសុំថវិកាពីណាមកទេ គឺមានតែម្ចាស់ក្លិប Flamingo ជនជាតិអាល្លឺម៉ង់ ដែលគាត់តែងតែនៅពីក្រោយខ្ញុំ និងជំរុញដល់ខ្ញុំ»។
ការសម្រេចចំណាយថវិកាផ្ទាល់ខ្លួនចូល១លានដុល្លារ ដើម្បីសាងសង់ទីលានហ្វឹកហាត់ម៉ូតូទឹកនេះ សាលី អ៊ូមើត បានទម្លាយថា ដោយសារតែរូបគេមិនពេញចិត្តនឹងប្រជាជនថៃមួយចំនួន ដែលបាននិយាយបែបដៀមដាម ក្នុងពេលរូបគេ និងក្រុមជម្រើសជាតិម៉ូតូកម្ពុជា បានហ្វឹកហាត់ នៅលើទឹកដីថៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយជាមួយគ្នានេះ អ៊ូមើត បានដាក់គោលដៅសាងសង់ទីលាននេះ ឱ្យរួចរាល់ មុនការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ខណៈពេលនេះ ការសាងសង់ ដំណើរការបាន៣០ភាគរយហើយ នៅសល់៧០ភាគរយទៀត។
វីរកីឡាករម៉ូតូទឹករបស់កម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា៖ «យើងជាខ្មែរ នៅពេលគេនិយាយដៀមដាមមកលើពួកយើង គឺមានកូនចិត្តមួយថា ខឹង ប៉ុន្តែយើងបានទប់អារម្មណ៍ ដោយសារសម្តេចតេជោ មានប្រសាសន៍ថា ធ្វើជាអ្នកកីឡា យើងត្រូវមានចិត្តអត់ធ្មត់ កុំប្រើអំពើហិង្សា កុំប្រើចិត្តក្តៅ នាំឱ្យខូចការធំ។ អ៊ីចឹងកន្លែងនេះហើយ ទើបធ្វើឱ្យខ្ញុំមានចិត្តសាងសង់ទីលានហ្វឹកហាត់នេះ ដោយត្រូវចំណាយទាំងអស់ប្រមាណ១លានដុល្លារ»។
សាលី អ៊ូមើត បានបន្ថែមថា៖ «នៅពេលខ្ញុំអភិវឌ្ឍទីលាននេះរួចរាល់ហើយ ខ្ញុំនឹងបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ ឱ្យចេញទៅដណ្តើមមេដាយគ្រប់ប្រទេស និងគ្រប់ព្រឹត្តិការណ៍ ដែលគេមាន ហើយខ្ញុំជឿជាក់ទៅលើអ្វីដែលខ្ញុំមាន ដែលខ្ញុំបានបង្ហាញឱ្យពុកម៉ែបងប្អូនឃើញរួចហើយថា ខ្ញុំជាកីឡាករខ្លាំងលំដាប់ណា។ ខ្ញុំមានចិត្តស្រឡាញ់ប្រទេសខ្មែរ ព្រោះខ្ញុំជាកូនខ្មែរ អ៊ីចឹងបើខ្ញុំមានពូជសាសន៍ជាខ្មែរ ខ្ញុំត្រូវតែជួយប្រទេសខ្មែរ គឺខ្ញុំមិនអាចទៅជួយប្រទេសផ្សេងបានទេ! បើខ្ញុំជួយប្រទេសផ្សេង ខ្ញុំសុខចិត្តឈប់ប្រកួតល្អជាង»៕
Cr: PhnomPenh Post
Chinese Ambassador to Cambodia Wang Wenbin and Chhay Sinarith, Senior Minister in charge of Special…
Tourism Minister Huot Hak (R) meets with Rajiv Raj Jagasia, founder of the Diplomacy for…
Deputy Prime Minister and Minister of Foreign Affairs and International Cooperation, Prak Sokhonn, chairs the…
រដ្ឋបាលលោក ដូណាល់ ត្រាំ បានស្នើឱ្យប្រទេសនានាបង់ប្រាក់ចំនួន ១ពាន់លានដុល្លារ សម្រាប់កៅអីសមាជិកអចិន្ត្រៃយ៍ នៅក្នុងក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ដែលបង្កើតឡើងដើម្បីដោះស្រាយជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ…
International tourists visit Cambodia's landmarks as the Ministry of Tourism reassures safety and operational status…
Voters queue outside a polling station during the 2022 commune council elections in Cambodia. The…