ព័ត៌មានជាតិ

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា រៀបចំពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា ជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់ ឆ្នាំសិក្សា២០២១-២០២២

Spread the love

ភ្នំពេញ៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅវិហារធំគីឡូម៉ែត្រលេខ៩ ក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រៀបចំពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា ជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់ ឆ្នាំសិក្សា២០២១-២០២២។

ពិធីនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាតំណាងរាស្ត្រ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, លោកអភិបាលខណ្ឌ គណៈអ៊ីម៉ាំរាជធានីខេត្ត នាយកសាលា គ្រូបង្រៀន អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សរុបជាង៤៥០នាក់។

យោងតាមរបាយការណ៍ពី លោក ស៊ីម ម៉ាត់ទោត សមាជិកគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងជាប្រធានគណៈកម្មការប្រឡងមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា បានអោយដឹងថា នៅក្នុងឆ្នាំសិក្សា ២០២១-២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ៧៦នាក់ (ស្រី ៤៣នាក់) ដែលមកពីសាលាចំនួន៣។ ចំនួនសិស្សប្រឡងជាប់សរុប ៦៤នាក់ (ស្រី ៣៩នាក់) ដែលស្មើនឹងចំនួន ៨២.២១%។ ដោយក្នុងនោះ សិស្សទទួលបាននិទ្ទេសដូចខាងក្រោម៖ ល្អប្រសើរ ចំនួន ១៨នាក់ (ស្រី ១៦នាក់), ល្អណាស់ ចំនួន ១៤នាក់ (ស្រី ៩នាក់), ល្អ ចំនួន ១២នាក់ (ស្រី ៦នាក់),
មធ្យម ចំនួន ២០នាក់ (ស្រី ៨នាក់)។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាម បានរៀបចំធ្វើឡើងតាំងពីឆ្នាំ២០១៦ មកម៉្លេះ ដោយរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងធម្មការ និងសាសនា ដែលមានគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាអ្នកសម្របសម្រួលការងារ និងរាជរដ្ឋាភិបាលម៉ាឡេស៊ី តំណាងដោយក្រសួងអប់រំរបស់ម៉ាឡេស៊ី ដើម្បីបើកមជ្ឈមណ្ឌលសម្រាប់ការប្រឡងសញ្ញាបត្រជាន់ខ្ពស់ម៉ាឡេស៊ី ផ្នែកសិក្សាសាសនាឥស្លាម ហៅកាត់ថា ការប្រឡង STAM ។

ជាមួយគ្នានេះ ឯកឧត្តម សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃសាសនាឥស្លាមកម្ពុជា ដែលបានយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្ស និងបានធ្វើអោយវិស័យអប់រំផ្នែកសាសនា ដើរទន្ទឹមនឹងវិស័យអប់រំចំណេះដឹងទូទៅ ដែលជាការចូលរួមចំណែកមួយក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៃក្រសួងអប់រំ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តម បានមានប្រសាសន៍ថា ថ្វីត្បិតវិស័យអប់រំផ្នែកសាសនា ជាវិស័យមួយដាច់ដោយឡែក ប៉ុន្តែក៏នៅតែស្ថិតក្នុងរង្វង់នៃការអប់រំ ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ។ ដូចនេះ មិនថាការសិក្សាលើចំណេះដឹងទូទៅ ឬក៏សិក្សាលើផ្នែកសាសនានោះទេ គឺសុទ្ធតែមានសារៈសំខាន់ ដើម្បីចូលរួមលើកស្ទួយសង្គមជាតិអោយមានការរីកចម្រើន។

ដោយឡែក អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចូលរួមសម្តែងការសាទរ និងអបអរ ដល់សិស្សានុសិស្សជ័យលាភីទាំង ៦៤នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យក្នុងថ្ងៃនេះ។

អ្នកឧកញ៉ា សុះ កំរ៉ី ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ថ្នាក់ដឹកនាំសាលារៀន លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ដែលខិតខំប្រឹងប្រែងក្នុងការចូលរួមបណ្តុះបណ្តាលសិស្សានុសិស្សរហូតទទួលបានជោគជ័យ ដើម្បីក្លាយជាធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់។

គួរជម្រាបថា គិតត្រឹមឆ្នាំ២០២២ សម្រាប់វិស័យអប់រំសហគមន៍ឥស្លាមកម្ពុជា ក្រោមការគ្រប់គ្រងផ្ទាល់ពី គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា មានសាលាសរុបចំនួន ៧៨៦ខ្នង ស្មើនឹង ២១២៤បន្ទប់, ដែលក្នុងនោះ បង្រៀនតាមសាលាមានចំនួន ៥៤២សាលា, បង្រៀនតាមស៊ូរ៉ាវចំនួន ១៣៦, បង្រៀនតាមវិហារឥស្លាមចំនួន ៤៤ និងបង្រៀនតាមខ្នងផ្ទះចំនួន ២៩កន្លែង។ ដែលមានសិស្សគ្រប់កម្រិតសិក្សាសរុបចំនួន ៤៩.៥១០នាក់ (ស្រី ២៥.៦៤៨នាក់)៕

camm

Recent Posts

កម្ពុជាព្រមានពីការកើនឡើងកំដៅខ្លាំង និងជំរុញឱ្យសាធារណជនចូលរួមទប់ស្កាត់អគ្គីភ័យនៅតាមមូលដ្ឋាន និងភ្លើងឆេះព្រៃ

ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការអគ្គីភ័លើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួងបរិស្ថានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។ (more…)

5 days ago

សាលារៀនសុវណ្ណភូមិ រៀបចំការប្រកួតកីឡា និងប្រឡងសិល្បៈសិស្ស ដណ្តើមពានរង្វាន់ ៣០ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ប្រកបដោយជោគជ័យ

ភ្នំពេញ៖ សាលារៀនសុវណ្ណភូមិ បានរៀបចំការប្រកួតកីឡា និងប្រឡងសិល្បៈសិស្ស ដណ្តើមពានរង្វាន់ ៣០ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ប្រកបដោយជោគជ័យដោយបានប្រារព្ធ (more…)

5 days ago

អារ៉ាប៊ីសាអូឌីតអនុម័តគម្រោងរៀបចំអកាសយាន្តដ្ឋានថ្មីមួយនៅក្រុងម៉ាក្កះ សម្រាប់សម្រួលការធ្វើដំណើរអ្នកធម្មយាត្រាហាជ្ជី និងអ៊ុំរ៉ោះដែលមានការកើនឡើងរាល់ឆ្នាំ

អារ៉ាប៊ីសាអូឌីតកំពុងជំរុញទៅមុខជាមួយនឹងអាកាសយានដ្ឋានថ្មីមួយនៅទីក្រុងម៉ាក្កះ ដែលជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនកាន់តែទូលំទូលាយ ដែលមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ (more…)

5 days ago

លោក ត្រាំបញ្ជាក់ជាថ្មីថា អាមេរិកនឹងចេញពីអ៊ីរ៉ង់ «ឆាប់ៗ» ហើយនឹងត្រឡប់ទៅវិញបើចាំបាច់

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (១ មេសា) ថា សហរដ្ឋអាមេរិកនឹង «ចេញពីអ៊ីរ៉ង់យ៉ាងឆាប់រហ័ស» ហើយអាចនឹងត្រឡប់ទៅវិញសម្រាប់ការ (more…)

5 days ago

អ៊ីស្រាអែលអនុម័តច្បាប់ប្រហារជីវិត ដែលគេមើលឃើញថាដាក់ចំពោះជនជាតិប៉ាឡេស្ទីនដែលជាប់ចោទពីបទភេរវកម្ម

អ៊ីស្រាអែល៖ សភាអ៊ីស្រាអែលបានបោះឆ្នោតគាំទ្រឲ្យមានការប្រើប្រាស់ទោសប្រហារជីវិតទៅលើជនជាតិប៉ាឡេស្ទីនណាដែលត្រូវបានតុលាការកាត់ទោសពីបទភេរវកម្ម។ច្បាប់ថ្មីទើបអនុម័តនៅថ្ងៃទី៣០ ខែមីនានេះ (more…)

7 days ago

ប៉ាគីស្ថានដឹកនាំប្រទេសចំនួនបួន ដើម្បីទាក់ទាញសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មកពិភាក្សា

ប្រទេសប៉ាគីស្ថានបានរៀបចំកិច្ចប្រជុំការទូតដ៏សំខាន់មួយជាមួយលោក Ishaq Dar និងសមភាគីមកពីប្រទេសទួគីយេ អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងជម្លោះដែលកំពុងបន្តពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ កិច្ចចរចានៅទីក្រុង Islamabadនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ មានគោលបំណងរៀបចំមូលដ្ឋានសម្រាប់ការចរចាដោយផ្ទាល់ដែលអាចធ្វើទៅបានរវាងភាគីទាំងពីរ។ (more…)

1 week ago